ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច ទទួលការ អញ្ជើញពីលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង ការបរទេស ចូលរួមពិធីភោជនាហារ(ជប់លៀង) នៅសណ្ឋាគារសុខាភ្នំពេញ នាល្ងាចថ្ងៃទី៣មីនានេះ។
ប៉ុន្តែការចូលរួមរបស់ លោកហាក់ មិនទទួលបានការ ស្វាគមន៍ពី ក្រុមការសម្របសម្រួលកម្មវិធី ថែមទាំង ត្រូវបានគេ ដេញចេញ ពីកន្លែងអ ង្គុយទៀត។
លោក សុខ ទូច ត្រូវបានលោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំ ក្រសួងការបរទេស អញ្ជើញចូលរួមពិធីបើក និងបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួង ពីថ្ងៃទី១ដល់ទី៣ ខែមីនា។
លើសពីនេះ លោកក៏ត្រូវបានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេស អញ្ជើញចូលរួម ជប់លៀង នៅសណ្ឋាគារសុខា បន្ទាប់ពីការបិទបញ្ចប់សន្និបាតការងារប្រចាំឆ្នាំ នាថ្ងៃទី៣មីនានេះ ផងដែរ។ នេះបើតាមលិខិតអញ្ជើញដែលលោក សុខ ទូច បានបង្ហោះលើហ្វេសហ៊ុក។
ប៉ុន្តែ សម្រាប់ការចូលរួមពិធីជប់លៀងនេះ លោក សុខ ទូច បានសម្តែងនូវការមិនពេញចិត្ត ចំពោះក្រុមការងារ សម្របសម្រួល ជាពិសេស នៅក្នុងពិធីនេះ គឺមានគ្មានកន្លែងអង្គុយត្រឹមត្រូវ។ «ចម្លែកណាស់! ប្រហែលជាខ្ញុំខុសគេក៏មិនដឹង។ មានការអញ្ជើញចូលរួមបិទមហាសន្និបាត ហើយចូលរួមភោជនាហារ ប៉ុន្តែមិនមានកន្លែង។
អ្នកសម្របសម្រួលឱ្យទៅអង្គុយនៅកន្លែងភ្នំពេញ តែត្រូវបានគេដេញចេញ»។ នេះជារៀបរាប់របស់លោក សុខ ទូច ដោយបានបន្ថែមថា៖ « នេះក៏ប្រហែលជាភាព.អ..ន់ ឬភាពអា…ម៉ា….ស់របស់ខ្ញុំ ដែលគ្មានសមត្ថភាព ហើយគ្មានលទ្ធភាពទៅអង្គុយជាមួយអ្នកកិច្ចការទូត»។
សូមជម្រាបថា ពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គឺធ្វើឡើងរយៈពេល២ថ្ងៃកន្លះ នៅទីស្តីការក្រសួង។
សម្រាប់ពិធីសន្និបាត ធ្វើឡើងនៅវិមានសន្និភាព ក្រោមអធិបភាពសម្តេច ហ៊ុន សែន នាម៉ោង៣រសៀលថ្ងៃ ទី៣មីនា។ ដោយ ឡែក ពិធីជប់លៀងបន្ទាប់ពីការបិទ បញ្ចប់សន្និបាតរបស់ក្រសួងការបរទេសនេះ គឺធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ៕